
ទិដ្ឋភាពភ្លើងកំពុងឆាបឆេះស្ថាននីយ៍ប្រេងឥន្ធនៈតេលា(រូបថតត៖ អង្គរធំមីឌា)
អគ្គិភ័យមួយ បានលេបត្របាក់ស្ថានីយ៍ប្រេងតេលា ខ្នាតតូច មួយកន្លែង ដែលស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិស្រះកែវ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៣ និង១០ រសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣ នេះ និងបានរីករាលដាល ដល់លំនៅស្ថានរបស់ប្រជាពលរដ្ឋដែលនៅក្បែរនោះ និង បណ្តាលឱ្យបិទចរាចរណ៍ផ្លូវជាតិលេខ៥ ជាង ២ម៉ោងផងដែរ។
ប្រភពពីស្ត្រីម្នាក់ ដែលមានទីលំនៅនៅក្បែរកន្លែងកើតហេតុ បានប្រាប់អង្គរធំ មេឌា ថា ខណៈដែលគាត់កំពុងនៅក្នុងផ្ទះ ស្រាប់តែឮសូរសម្លេងផ្ទុះយ៉ាងខ្លាំង ពេលគាត់ចេញមកខាងក្រៅ ស្រាប់តែឃើញអណ្តាតភ្លើងឆេះទ្រលោមពីស្ថានីយ៍ប្រេងនោះ តែម្តង។
បន្ទាប់ពីកើតហេតុ គេឃើញមានអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុនប្រេងតេលា ចំនួន ២គ្រឿង បានបាញ់អន្តរាគមន៍ រួមជាមួយរថយន្តដឹកទឹកក្នុងតំបន់១គ្រឿងទៀត បានព្យាយាមបាញ់ពន្លត់ និងទប់ស្កាត់ភ្លើងរាលដាលទៅកន្លែងផ្ទះផ្សេងទៀត ដែលនៅក្បែរនោះ ចាប់តាំងពីម៉ោង ៣និង២០នាទី រហូតដល់ម៉ោង រហូតវេលាម៉ោង៤ និង៤០នាទី ទើបមានអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការនគរបាលខេត្ត កណ្តាល ២គ្រឿង និងរាជធានីភ្នំពេញ ៣គ្រឿងនាទី ខណៈដែលភ្លើងបានរលត់អស់ជិត ៧០%ទៅហើយ។
ទោះជាយ៉ាងណា ក្រោយពីមានអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យបន្ថែមមក នៅវេលាម៉ោងប្រមាណ ៥ និង២៧នាទី អគ្គិភ័យត្រូវបានពន្លត់ទាំងស្រុង ដោយប្រើទឹកអស់១៥ឡាន។ បើតាមសម្តីនគរបាលក្នុងតំបន់ម្នាក់ បានឲ្យដឹងថា ម្ចាស់ទីតាំងស្ថានីយ៍ប្រេងនេះ ឈ្មោះ អេង ប៉ុន្តែមូលហេតុដែលនាំឲ្យមានអគ្គិភ័យនេះកើតឡើង នៅមិនទាន់ដឹងនៅឡើយទេ។ ខណៈដែលប្រភពខ្លះ ថា បណ្តាលមកពីការទុស្សេចរន្តអគ្គិសនី ។
អំឡុងពេលកើតហេតុនោះ គ្លីនិកដែលមានយីហោ សម្បត្តិ ដែលនៅក្បែរនោះបានជម្លៀស អ្នកជំងឺ ចេញទៅរកកន្លែងមានសុវត្ថិភាព ។ ខណៈដែលកំពុងប្រិតិបត្តិការពន្លត់អគ្គិភ័យនោះ បុរសម្នាក់ ដែលបានចូលរួមពន្លត់អគ្គិភ័យ បានរងរបួសបែកក្បាល បន្ទាប់ពីត្រូវទុយោទឹកបោកត្រូវ។មកទល់ពេលនេះ គេនៅមិនទាន់ដឹងពីទំហំនៃការខូចខាតនៅឡើយទេ៕
Filed under: ព័ត៌មានជាតិ, ព្រឹត្តិការណ៍សង្គម, សន្តិសុខសង្គម | Tagged: អគ្គីភ័យ |
ឆ្លើយតប