ពិធីសម្ភោធដាក់មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ ខេត្តកែបឲ្យប្រើប្រាស់ជាផ្លូវការ


ឯកឧត្តម អ៊ឹម សិទ្ធី ជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងអង្គពិធី

កាលពីព្រឹកថ្ងៃទី០៧​​  ខែមីនា ឆ្នាំទី ២០១៣ ឯកឧត្តម អ៊ឹម សិទ្ធី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ភោធដាក់មជ្ឍមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ ខេត្តកែប ឲ្យប្រើប្រាស់ជាផ្លូវការ។ មជ្ឍមណ្ឌលនេះមានទីតាំងស្ថិតនៅ ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដែលមានចម្ងាយប្រមាណជា១៧៥ គម ពីរាជធានីភ្នំពេញ។

នៅវេលាម៉ោង ៨:៣០ ព្រឹក គណៈអធិបតី ដែលដឹកនាំដោយឯកឧត្តម អ៊ឹម សិទ្ធី បានអញ្ជើញមកដល់មជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន​ បូស្កូ​ ខេត្ត​កែប​ ដែលមានការ​ ទទួល​​បដិសណ្ឋារកិច្ចពីសំណាក់ លោកឪពុក លី សំណាង ថ្នាក់ដឹកនាំសាលា ព្រមទាំងសិស្ស និស្សិត នៃមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ ខេត្តកែប ផងដែរ។ លោកទាវ ហេងឡាយ ជានាយកសាលា បានប្រកាសគណៈអធិបតីចូលរូម ក្នុងកម្មវិធី ធ្វើពិធី​គោរពភ្លេងជាតិ ព្រមទាំងបង្ហាញគណៈអធិបតី និងភ្ញៀវកិត្តិយសទស្សនារបាំជូនពរ ជាការសំដែងផ្ទាល់ពីសំណាក់សិស្សានុសិស្ស នៃមជ្ឈមណ្ឌល បណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ ខេត្តកែបផងដែរ។

គណៈអធិបតីចូលរួមក្នុងពិធីនេះរួមមាន៖

  • លោកអភិបាល អូលីវីយេ(Oliviere)  អភិបាលព្រះសហគមន៍កាតូលិកភូមិ​ភាគភ្នំពេញ
  • ឯកឧត្តម អ៊ឹម សិទ្ធី                       រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា
  • ឯកឧត្តម កែន សត្ថា                     អភិបាល នៃគណៈអភិបាលខេត្តកែប
  • ឯកឧត្តម ជួង ស៊ីវុទ្ធ                      អភិបាលរង នៃគណៈអភិបាលខេត្តកែប
  • ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា
  • លោកឪពុក John Visser              តំណាងមូលនិធិ ដុន បូស្កូកម្ពុជា
  • លោកឪពុក លី សំណាង(Albeiro Rodas) ប្រធានមជ្ឍមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ ខេត្តកែប
  • ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
  • លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត។

ស្ថិតក្នុងពិធីនោះ ឯកឧត្តម អ៊ឹម សិទ្ធីបានមានប្រសាសន៍ថា ៖ លោកមានសេចក្តីសោមនស្សរីរាយយ៉ាងខ្លាំង ដែលបានអញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឲ្យប្រីប្រាស់​ជាផ្លូវការនូវ​មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ​ ដុន បូស្កូ ខេត្តកែប នាពេលនេះ។

លោកបានមានប្រសាសន៍បន្តទៀតថា៖ តាងនាមឲ្យក្រសួងអប់រំ យុ​វជន​ និងកីឡា និងខ្លួនលោកផ្ទាល់ លោកសូមថ្លែងអំណរគុណយ៉ាង​ជ្រាល​ជ្រៅចំពោះមូលនិធិ ដុន បូស្កូ ​និងលោកឪពុក លី សំណាង ដែលបានជួយសាងសង់មជ្ឈមណ្ឌលបច្ចេកទេសថ្មីនេះ នៅខេត្តកែប។ ព្រមទាំងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការខិតខំប្រឹងប្រែង ប្រកបដោយ​គុណធម៌ ​​​របស់លោកឪពុក John Visser លោកឪពុក Leonard Ochoa បងប្រុស Roberto លោកគ្រូ អ្នកគ្រូ បុគ្គលិក  និងសប្បុរសជនជាច្រើនទៀត ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយ ចិត្តជួយដល់កុមារ និងយុវជនក្រីក្រកម្ពុជារយៈពេលជាង២០ ឆ្នាំមកហើយ។

ឯកឧត្តមបានមានប្រសាសន៍ជាចុងក្រោយថា៖ សូមឲ្យ សិស្សានុសិស្ស យុវជន យុវ​នារី ដែលកំពុងសិក្សា ក្នុងមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈនេះខិតខំ យកចិត្តទុកដាក់រៀនសូត្រ ស្តាប់ការទូន្មាន ប្រៀនប្រដៅ របស់លោកគ្រូ អ្នកគ្រូ និងក្រោយពេលបញ្ចប់ការសិក្សា ត្រូវខិតខំយកចំណេះដឹងដែលបានសិក្សាក្នុងមជ្ឈមណ្ឌលនេះ ទៅអនុវត្ត ដើម្បីបង្កើនជំនាញ​ និងចំណេះដឹងឲ្យបានច្បាស់លាស់ សម្រាប់ប្រកបរបរចិញ្ចឹមជីវិតក្នុងគ្រូសារឲ្យ កាន់តែរីកចម្រើន និងជៀសផុតពីភាពក្រីក្រ។

លោកឪពុកអធិការ ចន វីស័រ(John Visser) អ្នកតំណាងមូនិធិ ដុន បូស្កូ កម្ពុជា និងជាអធិការនៃសាលាបច្ចេកទេស ដុន​ បូស្កូ ខេត្តព្រះ​សីហនុ បានមានប្រសាសន៍បង្ហាញពីរបាយការណ៍ ក្នុងឆ្នាំ​កន្លងមក និងប្រាប់ពីប្រវត្តិខ្លះៗនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុន បូស្កូ ខេត្តកែប នេះថា បានរៀបចំអភិវឌ្ឍន៍ចាប់តាំងពីឆ្នាំ២០០០ មកម្លេះ ដែលមានលំហំដីចំនួន ៣ ហិចតា ដែលពីដើមឡើយសុទ្ធសឹងជាព្រៃរបោះក្បែរមាត់សមុទ្រប៉ុណ្ណោះ ហើយគ្រប់គ្រងដោយសាលាបច្ចេកទេស ដុន បូស្កូ ខេត្តព្រះសីហនុ ចាប់ពីឆ្នាំ២០០៧មក។

បន្ទាប់​ពីបញ្ចប់ពិធីថ្លែងសុន្ទរកថា គណៈអធិបតី បានធ្វើពិធីកាត់ខ្សែរបូណ៌សម្ភោធដាក់​ឲ្យជាផ្លូវការ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ដុ​ន បូស្កូ ខេត្តកែប ពីសំណាក់ ឯកឧត្តមរដ្ឋមន្រ្តី អ៊ឹម សិទ្ធី លោកអភិបាល អូលីវីយេ​ ឯកឧត្តម កែន សត្ថា ។ បន្ទាប់មកគណៈ​អធិបតី បានអញ្ជើញទស្សនា សំណង់អគារនានា ដែលជាសមិទ្ធិផលរបស់សាលា ដុន បូស្កូ កែប ដែលសុទ្ធសឹងជាជំនួយរបស់អ្នកសប្បុរស។ ជាក់ស្តែងសំណង់អគារធំៗ ចំនួនពីរគឺអគារស្នាក់បន្ទាយស្រី ដែលបានសម្ភោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី០៧ ខែវិច្ឆកា ឆ្នាំ២០១២ ន្លងមកនេះ​ ក្រោមអធិបតីភាពឯកឧ​ត្តម កែន សត្ថា​ អភិបាល នៃគណៈអភិបាលខេត្តកែប និងអគារមណ្ឌលអង្គរបុរី ដែលបានដាក់សម្ភោធនៅថ្ងៃនេះ។

ចាប់តាំងពីការបង្កើតមូលនិធី ដុន បូស្កូ កម្ពុជា រហូតមកដល់សព្វថ្ងៃ ក្រោមការដឹកនាំរបស់លោក​ឪពុក អធិការ ចន វីស័រ(John Visser) និងមានការជួយ ជ្រោមជ្រែង សហប្រតិបត្តិការ​ ពីបុគ្គលិកខ្មែរ ពីក្រសួងអប់រំ​ យុវជន និង​កីឡា​ ពី​ម្ចាស់​ជំនួយ​បរទេស​ និងសប្បុរសជន​ផ្សេងៗទៀត មូលនិធិ ដុន​ បូស្កូកម្ពុជា បានបង្កើតសាលាបច្ចេកទេស សាលាបណ្តុះបណ្តាលវិជ្ជាជីវៈ​ សាលាចំនេះទូទៅរបស់ខ្លួន នៅរាជធា​នី-ខេត្ត មួយចំនួនក្នុងព្រះរាជាណាចក្រកម្ពុជា។ លទ្ធផលជាក់ស្តែង នៅរាជធានីភ្នំពេញ ចំ​នួន​០៣កន្លែង ខេត្តព្រះ​សីហនុ​០១កន្លែង ខេត្តកែប០១កន្លែង  ខេត្តបាត់ដំបង០២កន្លែង ខេត្តបន្ទាយមានជ័យចំ​នួន​០១កន្លែង​ផងដែរ៕

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: